ដោយ មាន ឫទ្ធិ
2009-04-30
មន្រ្តី រដ្ឋាភិបាលកម្ពុជានិងធនាគារពិភពលោក (World Bank) ព្រមទាំងម្ចាស់ជំនួយមួយចំនួនទៀតបានរួមគ្នាផ្តល់ជាថវិកាដើម្បី គាំទ្រគម្រោងអភិបាលកិច្ចល្អ។
ពិធីសម្ពោធដាក់ឲ្យអនុវត្តគម្រោងអភិបាលកិច្ចល្អមូលដ្ឋាន នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ ក្នុងក្រុងភ្នំពេញ នៅថ្ងៃ២៩ មេសា ២០០៩។
លោក ប៊ុត ជិ ប្រធានការិយាល័យសម្របសម្រួលគម្រោងអភិបាលកិច្ចល្អមូលដ្ឋាននៃក្រសួង មហាផ្ទៃបានប្រាប់វិទ្យុអាស៊ីសេរីនៅក្នុងពិធីសម្ពោធដាក់ឲ្យ អនុវត្តគម្រោងអភិបាលកិច្ចល្អមូលដ្ឋាននៅសណ្ឋាគារ ឡឺរ៉ូយ៉ាល់ នៅថ្ងៃទី២៩ មេសា ឆ្នាំ២០០៩នេះ ដូច្នេះថា ៖ «៤ឆ្នាំហ្នឹងមាន ជាង២៥លាន ដែល២០លានពីធនាគារពិភពលោក ៣លានជាងពីយើងហៅថាប្រតិបត្តិការដើម្បីអភិវឌ្ឍន៍អូស្រ្ដាលី ហើយនិងរដ្ឋាភិបាលបដិភាគ១លានជាង»។
នៅក្នុងបញ្ហានេះដែរ លោក ប៊ូ សារឿន មន្រ្តីនាំពាក្យរបស់ធនាគារពិភពលោកបានបន្ថែមទៀតថា ៖ «អភិបាលកិច្ច ល្អជាផ្នែកមួយនៃការចូលរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរបស់ ប្រជាជន ក៏ដូចជាកាត់បន្ថយភាពក្រីក្រដែលជាគោលដៅធំបំផុតរបស់ World Bank បានជាយើងសម្រេចថានឹងមានគម្រោងអភិបាលកិច្ចល្អមូលដ្ឋានស្រុកខ្មែរ ហ្នឹង ទន្ទឹមនឹងមានការស្នើសុំឲ្យមានការជួយពីខាងរដ្ឋាភិបាល»។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលមួយចំនួនបានសម្តែងនូវការគាំទ្រចំពោះការដាក់ឲ្យអនុវត្តនូវគម្រោងនេះ។
លោក កែវ ប៊ុនធឿន មន្រ្តីអង្គការសិទ្ធិមនុស្សលីកាដូ បានមានប្រសាសន៍ដូច្នេះថា ៖ «ខ្ញុំសង្ឃឹមថាអំពើពុករលួយនឹងមានការថយចុះ ក៏ប៉ុន្តែវាថយចុះជាលំដាប់»។
នាយិកាប្រតិបត្តិអង្គការស្តារកម្ពុជា លោកស្រី ជេត ចរិយា បន្ថែមទៀតថា ៖ «ជា យន្តការមួយដែលធ្វើឲ្យមានការកាត់បន្ថយភាពក្រីក្រឬក៏អាចនិយាយ ថាកាត់នូវអំពើពុករលួយ ពីព្រោះយើងឃើញថា នៅក្នុងប្រទេសខ្មែរយើងសព្វថ្ងៃ ខ្ញុំតែងតែឮគេនិយាយថា អំពើពុករលួយនៅគ្រប់កម្រិត គ្រប់លំដាប់ថ្នាក់ តាមរយៈតូចស៊ីតូច ធំតាមធំ»។
សូមបញ្ជាក់ផងដែរ គម្រោងអភិបាលកិច្ចល្អនេះធ្លាប់បានអនុវត្តសាកល្បងរួចមកហើយនៅ ក្នុងក្រុងបាត់ដំបងនិងក្រុងសៀមរាប ហើយនៅក្នុងឆ្នាំ២០០៩នេះនឹងចាប់ផ្តើមអនុវត្តបន្តទៀតរហូតគ្រប់ ខេត្តក្រុងទូទាំងប្រទេស។
មន្រ្តីគ្រប់គ្រងការិយាល័យច្រកចេញចូលតែមួយរបស់ក្រសួងមហាផ្ទៃ លោក ចាន់ សុធា បានបញ្ជាក់បញ្ហានេះថា ៖ «មាន ខេត្ត៧ផ្សេងទៀត ក្នុងនោះមានខេត្តកណ្ដាល យើងយកក្រុងតាខ្មៅ ខេត្តព្រៃវែង យើងយកស្រុកពាមរក៍ ខេត្តកំពង់ចាម យើងយកក្រុងសួង ខេត្តក្រចេះ យើងយកក្រុងក្រចេះ ខេត្តកំពង់ធំ យើងយកក្រុងស្ទឹងសែន ខេត្តបន្ទាយមានជ័យ យើងយកក្រុងប៉ោយប៉ែត និងខេត្តព្រះសីហនុ យើងយកក្រុងព្រះសីហនុ។ ឆ្នាំ២០១០ យើងនឹងពង្រីកតទៅ៨ខេត្តក្រុងទៀត»។
គម្រោងអភិបាលកិច្ចល្អនេះនឹងផ្តោតជាសំខាន់ទៅលើ ទី១ គឺបង្កើនការទទួលបាននូវសេវាផ្តល់ព័ត៌មានសាធារណៈចាំបាច់ ត្រឹមត្រូវ ច្បាស់លាស់និងទាន់ពេលវេលា ទី២ គឺបង្កើនទំនាក់ទំនងរវាងប្រជាពលរដ្ឋនិងភ្នាក់ងាររដ្ឋាភិបាល ទី៣ គឺសម្របសម្រួលនូវការឆ្លើយតបរបស់ភ្នាក់ងាររដ្ឋាភិបាល និងទី៤ គឺតាមដានប្រសិទ្ធភាពនិងដកស្រង់បទពិសោធន៍ដែលនឹងប្រែក្លាយជាគំរូ និងជាមេរៀនអភិបាលកិច្ចឲ្យប្រសើរឡើងថែមទៀត៕